អាជ្ញាធរក្រុងកំពង់ចាមបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅគោលដៅផ្សារបឹងកុក

(កំពង់ចាម)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាមបន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករនៅតំបន់ផ្សារបឹងកុក ក្នុងភូមិសាស្ត្រក្រុងកំពង់ចាមដើម្បីធានាឱ្យមានរបៀបរៀបរយ សោភណ្ឌភាព និងសុវត្ថិភាពចរាចរណ៍។

បើតាមមន្ត្រីនគរបាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ប្រតិបត្តិការនេះអនុវត្តតាមផែនការការងារប្រចាំឆ្នាំ និងអនុសាសន៍ណែនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយផ្តោតលើការរៀបចំសណ្តាប់ធ្នាប់ទីសាធារណៈ និងទប់ស្កាត់ការលក់ដូរ ឬការចតយានយន្តរំលោភលើចិញ្ចើមផ្លូវ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានអនុវត្តវិធានការដូចខាងក្រោម៖

១.ធ្វើការណែនាំអាជីវករដែលដាក់ទំនិញរំលោភលើចិញ្ចើមផ្លូវឱ្យរុះរើ និងរៀបចំទីតាំងឡើងវិញចំនួន ២៤កន្លែង។

២.ណែនាំអ្នកលក់ដូរតាមផ្ទះតាមបណ្ដោយផ្លូវដែលដាក់តាំងសម្ភារៈអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ឱ្យរុះរើសម្អាតចំនួន ១០ខ្នងផ្ទះ។

៣.ណែនាំអ្នកបើកបររថយន្តតាក់ស៊ីដែលឈប់ចតគ្មានរបៀបរៀបរយឱ្យចតតាមទីតាំងកំណត់ចំនួន ០៤គ្រឿង។

អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ សូមចូលរួមសហការអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណ្ឌភាពទីក្រុង និងបង្កើតបរិយាកាសអនាម័យល្អសមស្របសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋទាំងអស់៕

 

Leave a Reply

Your email address will not be published. Required fields are marked *