ចាប់រថយន្តក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ លួចបង្កប់ឈើអារខុសច្បាប់ដឹកទៅខេត្តព្រៃវែង និងភ្នំពេញ

(ខេត្តមណ្ឌលគិរី)៖ ក្រោមការបញ្ជាផ្ទាល់ពីស្ថាប័នអយ្យការ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយ បន្ទាប់ពីរកឃើញថា បានលួចបង្កប់ឈើអារប្រភេទលេខ១ ជាច្រើនសន្លឹកដើម្បីដឹកជញ្ជូនយកទៅចែកចាយនៅតាមបណ្តាខេត្តដោយខុសច្បាប់។

យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។ ក្រុមការងារបានធ្វើការឃាត់ត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើ។ តាមរយៈការឆែកឆេរជាក់ស្តែង ក្រុមការងារបានរកឃើញឈើអារប្រភេទលេខ១ (ទ្វារសុក្រម) ចំនួន ៣០សន្លឹកដែលត្រូវបានគេលួចបង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើផ្សេងៗរបស់អតិថិជន។

តាមការសារភាពរបស់អ្នកបើកបរឈ្មោះ ស្លាម រំលី បានឱ្យដឹងថា ខ្លួនពុំមានលិខិតអនុញ្ញាត (PC) នោះទេហើយការដឹកនេះគឺជាការលួចលាក់ធ្វើដោយខ្លួនឯង មិនឱ្យក្រុមហ៊ុនដឹងឡើយ ខ្លួនទទួលស៊ីឈ្នួលដឹកឱ្យមនុស្សមិនដែលស្គាល់មុខទាក់ទងតាមទូរស័ព្ទដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយទទួលបានកម្រៃពី ១,១ លាន ទៅ ១,៤ លានរៀល ក្នុងមួយជើង។ រូបគេបានលួចដឹកជញ្ជូនតាមរូបភាពនេះបានប្រហែល ១២ជើងរួចមកហើយ។

យោងតាមរបាយការណ៍មន្ត្រីដោយពិនិត្យឃើញថា នេះគឺជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើក្រុមការងារបានសម្រេចដកហូតវត្ថុតាងឈើ និងរថយន្តយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។

ដោយឡែក ចំពោះអីវ៉ាន់បញ្ញើរបស់អតិថិជនដែលនៅក្នុងរថយន្តត្រូវបានក្រុមការងារអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំប្រើប្រាស់ម៉ូតូកង់បីចំនួន ០២គ្រឿងដើម្បីផ្ទេរចេញយកទៅចែកចាយបន្តជូនអតិថិជនវិញដើម្បីកុំឱ្យមានការខូចខាត ឬបាត់បង់៕

 

Leave a Reply

Your email address will not be published. Required fields are marked *