រដ្ឋបាលខេត្តប៉ៃលិនរៀបចំសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ

(ខេត្តប៉ៃលិន)៖ ដោយមើលឃើញថា ផ្លូវបំបែកជាបួនមួយកន្លែងតែងបង្កករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញក្រោមឱ្យវាទបានអញ្ជើញពិនិត្យមើលទីតាំងរៀបចំសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកជា៤ ក្បែរវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភណ្ឌភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេសមានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរាងឡើងនាពេលខាងមុខគឺនឹងជួយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាចូល រួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពររួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋក៏បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ បណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានជាពិសេសការធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ៕

 

Leave a Reply

Your email address will not be published. Required fields are marked *