អភិបាលរងខេត្តកំពង់ចាមជំរុញឱ្យអ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក ពង្រឹងកិច្ចសហការ និងចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមណែនាំដល់អ្នកនាំពាក្យរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពនៃរដ្ឋបាលខេត្តកំពង់ចាមត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានព្រោះអ្នកសារព័ត៌មានជួយពាំនាំសាររបស់អ្នកទៅកាន់សាធារណជនបានលឿន និងទូលំទូលាយបំផុត។

ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់របបសារព័ត៌មាន” ដល់អ្នកនាំពាក្យ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរអង្គភាពនានានៃសាលាខេត្តកំពង់ចាមនៅសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ លោក ស្រី សុភ័ក្ត្រ បានលើកឡើងថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកនូវរាល់សមិទ្ធផល បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមកជម្រាបជូនរដ្ឋបាលខេត្តក៏ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់មូលដ្ឋានវិញ។

លោកបានបញ្ជាក់ថា ប្រសិនបើយើងម្នាក់ៗចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ឬព្យាយាមគេចវេសមិនផ្ដល់ព័ត៌មាននោះវានឹងបង្កើតឱ្យមានចន្លោះប្រហោងនៃទំនុកចិត្តរវាងរដ្ឋបាល និងសាធារណជន។ ផ្ទុយទៅវិញ បើមានភាពជាដៃគូស្អិតរមួត យើងនឹងអាចដោះស្រាយបញ្ហាមូលដ្ឋានបានរហ័ស និងមានប្រសិទ្ធភាពបំផុត។

លោកអភិបាលរងខេត្តកំពង់ចាមបានបន្ថែមថា អ្នកនាំពាក្យត្រូវផ្ដល់ព័ត៌មានឱ្យបានទាន់ពេល និងគ្រប់ជ្រុងជ្រោយដល់អ្នកសារព័ត៌មានដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលនាំឱ្យមានការភ័ន្តច្រឡំ។

លើសពីនេះត្រូវលុបបំបាត់គំនិតដែលយល់ថាអ្នកសារព័ត៌មានជាអ្នកចាំតែចាប់កំហុស។ ផ្ទុយទៅវិញត្រូវចាត់ទុកពួកគេជាភ្នែកជាច្រមុះ និងជាដៃគូដែលជួយឱ្យរដ្ឋបាលមូលដ្ឋានបំពេញការងារបានកាន់តែល្អប្រសើរ។ លោកបន្តថា ក្នុងនាមជាអ្នកនាំពាក្យត្រូវត្រៀមខ្លួនឆ្លើយរាល់សំណួរដែលជាកង្វល់របស់ពលរដ្ឋប្រកបដោយភាពថ្លៃថ្នូរ យោគយល់ និងការទទួលខុសត្រូវខ្ពស់៕

 

Leave a Reply

Your email address will not be published. Required fields are marked *