ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ៥០០កញ្ចប់ដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត 

(ព្រៃវែង)៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសចំនួន ៥០០កញ្ចប់ជូនដល់បងប្អូនសាសនិកឥស្លាមដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះចៅ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីហ្ស អាល់ស៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលកម្មពិធីនេះធ្វើនៅភូមិអណ្ដូងក្រហម ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងខែរ៉ាម៉ាឌនដ៏វិសុទ្ធដើម្បីជួយសម្រាលបន្ទុកជីវភាព និងបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។

​ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា កម្មវិធីនេះស្តែងឱ្យឃើញពីទំនាក់ទំនងការទូត និងសប្បុរសធម៌ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងកិច្ចការសាសនាឥស្លាម អារ៉ាប៊ីសាអូឌីត។

​ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចទាំងទ្វេតែងតែគិតគូរ និងឱ្យតម្លៃដល់សាសនិកឥស្លាមគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា គ្មានការរើសអើង។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តីបានដាស់តឿនដល់បងប្អូនសាសនិកឱ្យខិតខំសាងកុសលផលបុណ្យបួសដោយភាពអត់ធ្មត់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលនេះជាខ្លឹមសារពិតប្រាកដនៃខែដ៏វិសុទ្ធនេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *