លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិនដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំរបស់ប្រជាកសិករនៅស្រុកសាលាក្រៅ

(ខេត្តប៉ៃលិន)៖  កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយលើកទឹកចិត្តដល់ប្រជាកសិករឱ្យធ្វើការផលិតកាន់តែច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារខាងក្រៅដែលធានាបាននូវតម្លៃសមរម្យ និងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តងគឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបាននូវទិន្នផលច្រើនចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅផងដែរ។

លោកជំទាវក៏បានបន្តថា នៅខេត្តប៉ៃលិន ក្រសួងកសិកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យជៀសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារហើយជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត សម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជាប្រទេសចិន, ប្រទេសវៀតណាម សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានជួយទិញបន្លែរបស់បងប្អូនកសិករព្រមទាំងជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែ សរីរាង្គឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារ អាចទំនាក់ទំនងទៅកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនថែមទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *