ការត្បាញកន្ទេល៖ សិប្បកម្មបុរាណលើកស្ទួយជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ

(ខេត្តព្រៃវែង)៖ ការត្បាញកន្ទេលជាសិប្បកម្មប្រពៃណីខ្មែរដែលមានប្រវត្តិយូរអង្វែងតាំងពីបុរាណកាលមកហើយនៅតែបន្តរក្សាទុក និងអនុវត្តយ៉ាងសកម្មនៅតាមសហគមន៍ជនបទជាច្រើន។ សិប្បកម្មមួយនេះមិនត្រឹមតែជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមុខរបរបន្ថែមចំណូល និងជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋខ្មែរ។

អ្នកមីង ម៉េច រស់នៅភូមិខ្សុំជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងបានឱ្យដឹងថា ជាទូទៅ កន្ទេលត្រូវបានផលិតពីស្មៅកក់ ឬផ្តៅដែលដុះច្រើនតាមវាលទំនាប និងតំបន់ជិតបឹងទន្លេ។ បន្ទាប់ពីប្រមូលផល ប្រជាពលរដ្ឋយកស្មៅទៅហាលថ្ងៃឱ្យស្ងួត ច្រាស់សម្អាត បំបែកជាសរសៃតូចៗ ហើយខ្លះយកទៅលាបពណ៌ដើម្បីបង្កើតលំនាំស្រស់ស្អាតមុននឹងចាប់ផ្តើមត្បាញជាកន្ទេល។

អ្នកមីង ម៉េច បានបន្តទៀតថា នៅតាមភូមិជាច្រើន ស្រ្តី និងមនុស្សចាស់តែងយកពេលទំនេរបន្ទាប់ពីការងារស្រែចម្ការមកអង្គុយត្បាញកន្ទេលក្រោមផ្ទះ ឬមុខផ្ទះតែពេលនេះពួកគាត់មកត្បាញនៅក្នុងបរិវេណវត្តដើម្បីប្រគេនព្រះសង្ឃនៅវត្តខ្សុំជើង ប្រើប្រាស់ដើម្បីបានអានិសង្ឃទៅថ្ងៃខាងមុខដោយប្រើឧបករណ៍សាមញ្ញ និងជំនាញដៃផ្ទាល់ កន្ទេលមួយអាចចំណាយពេលពីបីថ្ងៃទៅបួនថ្ងៃ ឬច្រើនជាងនេះអាស្រ័យលើទំហំ និងលំនាំ។

អ្នកមីងក៏បានបន្ថែមទៀតថា ការត្បាញកន្ទេលមាន៣ដំណាក់កាល៖

១. ការរៀបចំវត្ថុធាតុដើម កាប់ស្មៅកក់ ឬផ្តៅហាលថ្ងៃឱ្យស្ងួត, ច្រាស់ និងបំបែកជាសរសៃតូចៗខ្លះយកទៅលាបពណ៌ធម្មជាតិ ឬពណ៌ផ្សេងៗ។

២. ការរៀបចំត្បាញ ដាក់សរសៃជួរទទឹង និងបណ្តោយប្រើដៃ ឬឧបករណ៍ឈើត្បាញបញ្ចូលគ្នាជាលំនាំ។

៣. ការបង្កើតលំនាំ: លំនាំផ្ទាល់ធម្មតា លំនាំឆកឆាយ ឬពណ៌ចម្រុះ លំនាំផ្កា ឬរាងធរណីមាត្រ។ លំនាំទាំងនេះបង្ហាញពីភាពច្នៃប្រឌិត និងអត្តសញ្ញាណតំបន់នីមួយៗ។

ដោយឡែកអ្នកភូមិម្នាក់ទៀតបានឱ្យដឹងថា ការត្បាញកន្ទេលជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែមសម្រាប់ចំណាយប្រចាំថ្ងៃ និងការសិក្សាកូនៗ។ «ធ្វើមិនសូវលឿនទេប៉ុន្តែអាចលក់បានជាបន្តបន្ទាប់ ជួយសម្រាលជីវភាពបានច្រើន»។

សូមបញ្ជាក់ផងដែរថា ក្រៅពីតម្លៃសេដ្ឋកិច្ច កន្ទេលក៏មានអត្ថប្រយោជន៍ជាច្រើនដូចជា ស្រាល ងាយដឹកជញ្ជូន ត្រជាក់ពេលសម្រាន្ត ផលិតពីវត្ថុធាតុធម្មជាតិមិនប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់បានយូរ។ ហេតុនេះហើយ កន្ទេលនៅតែជារបស់ប្រើប្រាស់ពេញនិយមទាំងក្នុងគេហដ្ឋាន និងក្នុងពិធីបុណ្យប្រពៃណីនានា។

បច្ចុប្បន្ននេះ សិប្បកម្មត្បាញកន្ទេលក៏ក្លាយជាផលិតផលទេសចរណ៍មួយផងដែរដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលចិត្តទិញជាវត្ថុអនុស្សាវរីយ៍។ សហគមន៍ខ្លះបានបង្កើតជាក្រុមសិប្បកម្ម ឬសហគ្រាសតូចៗ ដើម្បីផលិតជាប្រព័ន្ធ និងពង្រីកទីផ្សារ បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនប្រជាជនមូលដ្ឋាន។

មន្ត្រីមូលដ្ឋានម្នាក់បានលើកឡើងថា ការអភិរក្ស និងលើកកម្ពស់សិប្បកម្មប្រពៃណីដូចជា ការត្បាញកន្ទេលគឺមានសារៈសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងជំរុញសេដ្ឋកិច្ចសហគមន៍ឱ្យរីកចម្រើន។

ជារួម ការត្បាញកន្ទេលមិនត្រឹមតែជាការងារដៃបុរាណប៉ុណ្ណោះទេប៉ុន្តែជាកេរ្តិ៍មរតកវប្បធម៌ដែលបង្ហាញពីភាពឧស្សាហ៍ព្យាយាម ប្រាជ្ញា និងការច្នៃប្រឌិតរបស់ប្រជាជនខ្មែរដែលគួរតែបន្តអភិរក្ស និងបន្តបង្រៀនទៅកាន់អ្នកជំនាន់ក្រោយឱ្យបានយូរអង្វែង៕

 

Leave a Reply

Your email address will not be published. Required fields are marked *