(ខេត្តប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និង និវត្តជនកម្ពុជា ១២ ខែឧសភា» ស្ថិតក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។
ថ្លែងនាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា អតីតយុទ្ធជន និងនិវត្តជនមិនត្រូវបានមើលរំលងឡើយពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនក៏ដូចជាបានផ្តល់នូវផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។
លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិហើយដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក៏បានចេញអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយកំណត់យកថ្ងៃទី១២ ខែឧសភា ជាទិវាអតីត យុទ្ធជន និងនិវត្តជនកម្ពុជា។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធខួបទិវា«អតីតយុទ្ធជន និងនិវត្តជន កម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជាព្រមទាំងបំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជនក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងសេចក្តីថ្លៃថ្នូរ។
បើតាមរបាយការណ៍របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនបានឱ្យដឹងថា បច្ចុប្បន្ន អតីត យុទ្ធជននៅខេត្តប៉ៃលិនបានចូលជាសមាជិក អ.ន.ក. ខេត្តប៉ៃលិនសរុបចំនួន ១,៤៥១នាក់ ក្នុងនោះ ជនពិកាចំនួន ៧៨៥នាក់ និវត្តជនចំនួន៤៩៥ នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ១៥ នាក់ គ្រួសារជនពលីចំនួន ១២៦នាក់ និងគ្រួសារជនមរណៈចំនួន ៣០ នាក់៕










