លោកជំទាវអភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំជាប់ប្រទេសថៃ

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពនៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេសមានស្ថេរភាពនយោបាយជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិនបានកំពុងខិតខំរៀបចំសណ្តាប់ ធ្នាប់ និងកែលម្អសោភណ្ឌភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែ លម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាននៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានាដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រងបរិស្ថានល្អព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋត្រូវរួម គ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អ ហេដ្ឋារចនាសម័ន្ធ និងសោភណ្ឌភាពខេត្តរបស់យើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *