ក្រសួងសង្គមកិច្ចប្រគល់សម្ភារៈឌីជីថល ១១៦ឈុត ជូនឃុំ-សង្កាត់ខេត្តព្រៃវែងពង្រឹងប្រព័ន្ធចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថល

(ព្រៃវែង)៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រគល់សម្ភារៈឌីជីថលចំនួន ១១៦ឈុតជូនដល់ ឃុំ-សង្កាត់ចំនួន ១១៦ នៅទូទាំងខេត្តព្រៃវែងដើម្បីប្រើប្រាស់ក្នុងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមតាមរយៈ ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) សំដៅបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ។

ក្នុងពិធីប្រគល់សម្ភារៈនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជាគឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ និងបង្ហាញពីឆន្ទៈខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមដើម្បីធានាឱ្យការផ្តល់អត្ថប្រយោជន៍សង្គមមានភាពត្រឹមត្រូវ រហ័ស និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ផ្អែកលើចក្ខុវិស័យដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងតែងតែណែនាំដល់មូលនិធិជាតិជំនួយសង្គម សាខាមូលនិធិ និងមន្ទីរសង្គមកិច្ចទូទាំងរាជធានី-ខេត្តឱ្យយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមតាមរយៈប្រព័ន្ធឌីជីថលរួមដែលជាគំនិតផ្តួចផ្តើមដ៏មានសារសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងការធ្វើសុខដុមនីយកម្មប្រព័ន្ធទិន្នន័យ និងការគ្រប់គ្រងព័ត៌មានសង្គម។

សម្រាប់សម្ភារៈដែលបានប្រគល់ជូនក្នុងដំណាក់កាលនេះ រួមមាន កុំព្យូទ័រយួរដៃ កាមេរ៉ាសម្គាល់មុខ ម៉ាស៊ីនស្កែនស្នាមម្រាមដៃ ម៉ាស៊ីនស្កេនឯកសារ និងម៉ាស៊ីនបោះពុម្ពខ្នាតតូចដើម្បីជួយសម្រួលការចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលអត្ថប្រយោជន៍ឱ្យបានត្រឹមត្រូវ និងលឿនហើយការបំពាក់នេះត្រូវបានបន្ថែមលើថេប្លែតដែលបានផ្តល់ជូនកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមនឹងជួយកាត់បន្ថយការចុះបញ្ជីស្ទួន ការបែកខ្ញែកទិន្នន័យ និងការចំណាយមិនចាំបាច់ ព្រមទាំងពង្រឹងសមត្ថភាពឆ្លើយតបនឹងស្ថានភាពអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល។

ក្រសួងរំពឹងថា ថ្នាលឌីជីថលគាំពារសង្គមកម្ពុជានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការប្រែក្លាយប្រព័ន្ធគាំពារសង្គមទាំងមូលឱ្យមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាពខ្ពស់ និងអាចបម្រើប្រជាពលរដ្ឋបានកាន់តែប្រសើរស្របតាមទិសដៅកសាងរដ្ឋាភិបាលឌីជីថលនាពេលអនាគត៕

 

Leave a Reply

Your email address will not be published. Required fields are marked *