(កំពង់ចាម)៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអធិការកិច្ចខេត្តកំពង់ចាមសហការជាមួយគណៈគ្រប់គ្រងសាលា បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សង្កើប ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក អុិត ម៉េងថា អនុប្រធានមន្ទីរតំណាងលោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើនដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំងដែលតម្រូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាពីព្រោះបញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ដូចជា ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
លោកអនុប្រធានមន្ទីរបានបន្ថែមថា «បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេនោះយើងនៅតែអាចទទួលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែលអាចបណ្ដាលឱ្យយើងពិការ ឬបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ហើយការកកស្ទះចរាចរណ៍នៅតែកើតមាន ដែលបណ្តាលឱ្យខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម»។
លោកបន្តថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ពេលនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងការប្រតិបត្តិច្បាប់ផង និងការដាស់តឿនឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ទាំងអ្នកថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវផ្លាស់ប្តូរឥរិយាបទពីការបើកបរតាមបែបអាណាធិបតេយ្យមកបើកបរដោយមានសណ្តាប់ធ្នាប់ របៀបរៀបរយ ចេះយោគយល់ អធ្យាស្រ័យគ្នា គោរពសិទ្ធអាទិភាព មានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការបើកបរ៕










