(ខេត្តប៉ៃលិន)៖ ក្នុងការជំរុញឱ្យការសាងសង់កាន់តែឆាប់រហ័ស និងទាន់ពេលវេលាកាលពីព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារក្រោមបង្គាប់បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» នៅអមសងខាងដងស្ទឹងប៉ៃលិនដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈក្នុងខេត្តជាពិសេសទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្តជាពិសេសភ្ញៀវទេសចរអន្តរជាតិឱ្យមកលេងកំសាន្តដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋា រចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើមហើយបច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាពក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុងប្រកបដោយសោភណ្ឌភាពស្រស់បំព្រងក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការស្ថាបនាសួនច្បារដាក់ឈ្មោះសួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតក្នុងការស្វែងរកសុខសន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាពព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិតសម្រាប់មនុស្ស ជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្ររបស់ខេត្តប៉ៃលិនដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាពិសេសហេដ្ឋារចនាសម្ព័ន្ធព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយក្នុងនោះបងប្អូនដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ សួន «ប៉ៃលិនមរតកតេជោ» ដែលកំពុងស្ថាបនានាពេលនេះគឺមានប្រវែង ១៨០០ម៉ែត្រ នៅអមសងខាងដងស្ទឹងប៉ៃលិនចាប់ពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិទួលល្វា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន៕







