(ខេត្តកណ្តាល)៖ បុរសម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកពាក់ព័ន្ធករណីគ្រឿងញៀន ចេញមកវិញមិនកែប្រែអាកប្បកិរិយាថែមទាំងបង្កហិង្សាក្នុងគ្រួសារ និងប្រើកាំបិតកាប់បំផ្លាញម៉ូតូក្មួយប្រុសព្រមទាំងគំរាមសម្លាប់ទៀតផងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មន គឹមលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ ត្រូវជាក្មួយ។ ចំណែកជនសង្ស័យមានឈ្មោះ មន គង្គា អាយុ ៣១ឆ្នាំ ត្រូវជាមា មុខរបរមិនពិតប្រាកដ មានប្រវត្តិប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងវិជ្ជមានសារធាតុញៀន (+) ព្រមទាំងធ្លាប់ជាប់ពន្ធនាគារ ២លើក ពាក់ព័ន្ធការរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ អ្នកទាំងពីរស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយសង្សាររហូតប្រើអំពើហិង្សា។ ខណៈនោះក្មួយប្រុសបានចូលទៅឃាត់ និងបំបាត់ជម្លោះប៉ុន្តែបែរជាធ្វើឱ្យជនសង្ស័យខឹងសម្បារ ស្ទុះទៅធាក់ម៉ូតូជនរងគ្រោះឱ្យដួលបន្ទាប់មកជាន់ និងកាច់បំបាក់ស្លាកលេខចោល។
មិនតែប៉ុណ្ណោះ ជនសង្ស័យបានយកកាំបិតដងដែកប្រវែងប្រហែល ០.៤៧ម៉ែត្រ កាប់បំផ្លាញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JP-8249 បណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរហើយស្រែកគំរាមថានឹងកាប់សម្លាប់ជនរងគ្រោះទៀតផងមុននឹងបោះកាំបិតចោលក្នុងស្រែគេចខ្លួន។
ដោយមានការភ័យខ្លាច ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីសុំអន្តរាគមន៍។ ក្រោយទទួលពាក្យ សមត្ថកិច្ចបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងរួមមានកាំបិត ១ដើម និងម៉ូតូ ១គ្រឿងដែលរងការខូចខាត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
⚠️ សារអប់រំ និងការក្រើនរំលឹក
ករណីនេះជាឧទាហរណ៍ជាក់ស្តែងបង្ហាញថា គ្រឿងញៀន និងអំពើហិង្សាគឺជាដើមហេតុនាំឱ្យបំផ្លាញទាំងជីវិត អនាគត និងសុខសន្តិភាពក្នុងគ្រួសារ។ ការមិនរាងចាល បន្តប្រព្រឹត្តបទល្មើសទោះធ្លាប់ជាប់ពន្ធនាគារហើយក៏ដោយមិនត្រឹមតែធ្វើឱ្យខ្លួនឯងជួបវិបត្តិច្បាប់បន្ថែមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់សាច់ញាតិ និងសង្គមទាំងមូល។
អាជ្ញាធរ និងសមត្ថកិច្ច អំពាវនាវយ៉ាងតឹងរ៉ឹងដល់ប្រជាពលរដ្ឋគ្រប់រូប សូមឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ និងដោះស្រាយបញ្ហាដោយសន្តិវិធីព្រោះមួយវិនាទីនៃកំហឹង អាចបំផ្លាញជីវិតមនុស្សមួយជីវិតទាំងស្រុង។ សង្គមសុវត្ថិភាពចាប់ផ្តើមពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ៕





