(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យុសំឡេងវៀតណាម (VoV) ដឹកនាំដោយឯកឧត្តម Vu Hai Quang អនុប្រធាន VOV នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងកិច្ចពិភាក្សាផ្តោតជាសំខាន់ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការធ្វើទំនើបកម្មនៃការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជាឱ្យស្របតាមយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម VOV នាពេលកន្លងមកហើយសង្ឃឹមថាទៅឆ្នាំបន្តបន្ទាប់ទៀតយើងរួមគ្នាអនុវត្តន៍កិច្ចការងារស្របតាមគម្រោងផែនការច្បាស់លាស់ប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម (VOV) ដែលបានផ្តល់នូវម៉ាសុីនផ្សាយវិទ្យុ FM ជាច្រើនគ្រឿងហើយបាននាំនូវមន្ត្រីបច្ចេកទេសមកជួយរៀបចំ តម្លើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តនៅកម្ពុជាបានរួចរាល់សម្រាប់ធ្វើការផ្សាយបានដោយរលូន។
ជាមួយនេះដែរក៏សូមអរគុណដែលបានផ្តល់ជូននូវរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមតាមរយៈវិទ្យុសំឡេងវៀតណាម VOV ដល់ក្រសួងព័ត៌មានហើយរថយន្តផ្សាយចល័តនេះនឹងត្រូវយកទៅថតផ្សាយផ្ទាល់ ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម តូ ឡឹម (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់ភាគីវៀតណាមបន្តជួយបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធការងារមួយចំនួនពិសេសជួយបណ្តុះបណ្តាលមន្ត្រីផ្នែកបច្ចេកទេស សម្រាប់ធ្វើការទ្រទ្រង់ដល់ក្រសួងព័ត៌មានលើផ្នែកបច្ចេកទេស វិទ្យុ ទូរទស្សន៍ និងផ្នែកផ្សេងៗទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីការជំរុញដល់មន្ទីរព័ត៌មានរាជធានី-ខេត្តក្នុងការរៀបចំវិទ្យុបណ្តាញដើម្បីផ្សព្វផ្សាយផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានពិត ច្បាស់លាស់ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ អ្នកជំនាញមកពីវិស័យនានាជុំវិញដំណើរអភិវឌ្ឍន៍របស់កម្ពុជា។
បច្ចុប្បន្ននេះ វិទ្យុបណ្តាញបានរៀបចំ និងធ្វើការផ្សាយបានចំនួន ៥ខេត្តរួចមកហើយ។ ទន្ទឹមជាមួយគ្នានេះដែរ សម្រាប់ម៉ោងនៃការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាគឺបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅមន្ទីរព័ត៌មានតាមបណ្តាខេត្ត-រាជធានីក៏ត្រូវកាច់ផ្សាយបន្តឱ្យដូចគ្នាទាំងអស់ផងដែរដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ តាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ។
ឯកឧត្តម អនុប្រធានវិទ្យុសំឡេងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងកិច្ចសហការល្អរវាងវិទ្យុ VOV និងក្រសួងព័ត៌មានហើយកិច្ចសហប្រតិបត្តិការនេះគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ជាមួយនេះ VOV ត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេសជាមួយកម្ពុជាដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំនើប។
ឯកឧត្តម Vu Hai Quang បង្ហាញនូវជំនឿជឿជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងវិទ្យុសំឡេងវៀតណាម VOV និងក្រសួងព័ត៌មាន នឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា៕





