លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានថ្លែងលើកឡើងថា ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ

(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានថ្លែងលើកឡើងថា ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិដែលមានសមត្ថភាពអាចធ្វើបានលើសពីបុរសក្នុងចំណុចខ្លះៗ ដែលបុរសអាចមើលរំលងចំពោះខ្លួនប៉ុន្តែវាជាចរិតលក្ខណៈពីកំណើតរបស់ស្ត្រី។ លោកជំទាវ បាន ស្រីមុំ ថ្លែងបែបនេះនៅក្នុងបទអន្តរាគមន៍យ៉ាងស៊ីជម្រៅស្តីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកជំទាវអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ទសវត្សកន្លងមកនេះក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញផ្ទៃប្រទេស និងស្ថេរភាពនយោបាយដ៏រឹងមាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនៃនយោបាយ ឈ្នះ! ឈ្នះ! រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីផងដែរ។

នៅក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្តបានបន្តទៀតថា ដើម្បីលើកកម្ពស់ស្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យទិដ្ឋភាពទូទៅចំពោះស្រ្តីនៅក្នុងវិស័យរដ្ឋ និងនយោបាយជាង៥០%។ ដូច្នេះការចូលរួមលើកទឹកចិត្តដល់ស្រ្តីនៅថ្នាក់មូលដ្ឋានត្រូវមានចិត្តទូលាយដោយផ្តល់នូវទំនុកចិត្តទាំងការគ្រប់គ្រង និងមានសិទ្ធិការសម្រេចចិត្តក្នុងការដឹកនាំនឹងត្រូវទទួលស្គាល់ថា ស្រ្តីនៅមូលដ្ឋានក៏មានឆន្ទៈនយោបាយខ្លាំងទាំងការអនុវត្តផ្ទាល់នៅមូលដ្ឋាន និងការងារទំនាក់ទំនងការទូត “បុរសអាចធ្វើអ្វីបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា”។ ប៉ុន្តែស្រ្តីអាចធ្វើបានលើសពីបុរសគឺនៅចំណុចតូចៗ ជាច្រើនបន្ទាប់បន្សំដែលបុរសធ្វើមិនបាន។ ប៉ុន្តែចរិតស្រ្តីពីកំណើតតែម្តងគឺ៖ ស្រ្តីក្រៅពីការងារ អ្នកដឹកនាំ អ្នកនយោបាយ ស្រ្តីជាមេផ្ទះ ជាម្តាយ ជាបង្គោលឆ្អឹងខ្នងដ៏សំខាន់របស់ក្រុមគ្រួសារមិនអាចខ្វះបានឡើយ។

លោកជំទាវអភិបាលខេត្តបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច បានប្តេជ្ញាពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ប្រកបដោយសីលធម៌ល្អ និងបរិយាបន្ន ក្នុងនោះ “ស្រ្តីគឺជាស្នូល” និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ ដើម្បីមានភាពជាអ្នកដឹកនាំទទួលបានជោគជ័យទាំងស្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ការចូលរួមពេញលេញក្នុងវិស័យនយោបាយសេដ្ឋកិច្ច និងសង្គមក្នុងន័យដើម្បីសម្រេចបាននូវបេសកកម្មនេះបានដោយជោគជ័យលុះត្រាតែស្រ្តីមានឱកាសស្មើៗគ្នាទាំងនៅក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។ លោកជំទាវបន្ថែមទៀតថា អ្វីដែលកម្ពុជាបានកំពុងអភិវឌ្ឍ ឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ចំពោះការប្តេជ្ញាចិត្តថ្នាក់តំបន់ និងសកលលើសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាពិសេសស្រ្តីនៅថ្នាក់ក្រោមជាតិ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *