អភិបាលស្រុកពារាំងអញ្ជើញបើកការប្រកួតកីឡាសិស្សថ្នាក់ស្រុក ឆ្នាំ២០២៦ លើកកម្ពស់សុខភាព និងភាពសាមគ្គីភាព

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងបានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សា និងបឋមសិក្សាថ្នាក់ស្រុក ដែលប្រារព្ធឡើងនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង។

សមាភាពចូលរួមក្នុងពិធីរួមមានលោក សុិន សុងហេង អភិបាលរងស្រុកពារាំង កងកម្លាំងទាំងបី លោក-លោកស្រី ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ លោកប្រធានការិយាល័យស្រុកប្រតិបត្តិពារាំង លោកមេឃុំទាំង៩ និងគណៈកម្មការកីឡាករ-កីឡាការិនីសរុបចំនួន ៤១៦នាក់ ក្នុងនោះស្រី ៧៦នាក់។

ក្នុងសុន្ទរកថា លោកអភិបាលស្រុកបានបញ្ជាក់ថា៖”កម្មវិធីប្រកួតកីឡាសិស្សនេះគឺជាវេទិកាសំខាន់សម្រាប់លើកកម្ពស់សុខភាព កាយសម្បទា និងបណ្តុះស្មារតីសាមគ្គីភាព និងមិត្តភាពរវាងសិស្ស។ ការចូលរួមប្រកួតប្រជែងដោយសុចរិតភាព និងការគោរពគ្នា ជាចំណុចសំខាន់ក្នុងការអភិវឌ្ឍសិស្សជាកីឡាករឆ្នើម និងជាមនុស្សមានគុណធម៌ខាងសង្គមនៅពេលអនាគត។”

ពិធីបើកបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយស្មារតីប្រកួតប្រជែងប្រកបដោយមិត្តភាព។ ប្រជាពលរដ្ឋ សិស្ស និងគណៈកម្មការទាំងអស់ បានបង្ហាញភាពរួបរួមចិត្ត និងការចូលរួមយ៉ាងសកម្ម សម្រាប់ការលើកកម្ពស់កីឡា និងកាយសម្បទានៅក្នុងស្រុកពារាំង៕

 

Leave a Reply

Your email address will not be published. Required fields are marked *