(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ដោយការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គភាពស្ថាប័នពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស ស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅខេត្តប៉ៃលិនឱ្យមានការរីកចម្រើនគួរឱ្យកត់ស្គាល់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ជម្រាបជូនដល់អង្គសន្និបាតថា ការអប់រំគឺជាអាវុធដ៏មានអានុភាពបំផុតដែលយើងអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក និងអនាគតប្រទេសជាតិ ថែមទាំងរំលឹកអំពីវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន ៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមមាន៖
ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២). ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន
ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាចក្ខុវិស័យកម្ពុជា២០៥០ ជាប្រទេសដែលមាន ចំណូលខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកំណែទម្រង់វិស័យអប់រំ ដែលក្នុងនោះរួមមាន៖ (១).ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀនដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គមដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។
(២).ការអនុវត្តស្តង់ដាសាលារៀនគំរូដោយក្រសួងបាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥រួមមាន៖ (ស្តង់ដាទី១) លទ្ធផលសិក្សារបស់សិស្ស, (ស្តង់ដាទី២) ការបង្រៀននិងរៀន, (ស្តង់ដាទី៣)ការចូលរួមរបស់សហគមន៍, (ស្តង់ដាទី៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (ស្តង់ដាទី៥) គណនេយ្យភាពរបស់សាលារៀន។
សូមរំលឹកផងដែរថា៖ ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡាបានរុញកំណែទម្រង់តាមរយៈគម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព” ដល់សាលារៀនដោយក្នុងអំឡុង ៥ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត ២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យា វិធីសាស្ត្របង្រៀនថ្មី និងស្តង់ដាសាលារៀនគំរូដូច្នេះដើម្បីពង្រឹងគុណភាពអប់រំ យើងត្រូវពិនិត្យមើលការផ្តល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូចរហូតដល់មធ្យមសិក្សាដោយគុណភាពអប់រំ ផ្អែកលើកត្តាចូលរួម៖ ១) នាយកសាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រពីគ្រួសារ និង៥) ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ៕










