(ខេត្តប៉ៃលិន)៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជាប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន។
បន្ទាប់ពីទទួលបានការប្រកាសតែងតាំងថ្មី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍សម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញាចិត្តគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀតជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាពឱ្យទាន់ពេលវេលាសំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានមានប្រសាសន៍លើកឡើងថា៖ “អតីតយុទ្ធជន និងនិវត្តជន ពួកគាត់ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើងគឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ជាពិសេសបន្តទទួលបានការយកចិត្តទុកដាក់ និង អត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាល។
ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខអតីតយុទ្ធជន និងវិវត្តជននៅក្នុងខេត្ត រដ្ឋបាលក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង/ស្រុកដែលបានយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរហើយបន្ថែមពីលើនេះ សូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផង ដែរ។
ក្នុងឱកាសនោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដល់សម្ភារៈបរិក្ខាមួយចំនួនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិនសម្រាប់បម្រើការងារព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដល់អតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្តផងដែរ៕














