(ព្រះសីហនុ)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុបានរៀបចំកម្មវិធី «អប់រំក្រមសីលធម៌បែបព្រះពុទ្ធសាសនាសម្រាប់ការយល់ដឹងថ្ងៃ១៤កុម្ភៈ ”គោលបំណងដើម្បីអប់រំក្រមសីលធម៌សង្គម បែបព្រះពុទ្ធសាសនា និងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ខ្មែរ យល់ដឹងអំពីសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារក្នុងសង្គមខ្មែរ ផ្សព្វផ្សាយអំពីសុវត្ថិភាពកុមារចៀសផុតអំពីការសេពគ្រឿងញៀន និងការជួញដូរគ្រប់ទម្រង់។ ការអប់រំបំនិនជីវិតដល់គ្រួសារនៅក្នុងសហគមន៍ដើម្បីយល់ដឹងនូវវិធីសាស្រ្តការរស់នៅប្រកបដោយសុវត្ថិភាព គ្មាន អំពើហិង្សានៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេទិកា៧មករា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបភាពគោរព លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ។
ពីធីនេះប្រារព្ធឡើងដើម្បីចូលរួមចំណែកក្នុងការតម្រង់ទិសយុវជន និងពង្រឹងសីលធម៌សង្គម កម្មវិធី «អប់រំក្រមសីលធម៌បែបព្រះពុទ្ធសាសនាសម្រាប់ការយល់ដឹងថ្ងៃ ១៤ កុម្ភៈ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ខ្មែរ និងការដឹងគុណមាតាបិតា អ្វីដែលកាន់តែពិសេស កម្មវិធីនេះក៏បានបញ្ចូលនូវការអប់រំអំពីសុវត្ថិភាពកុមារ ការប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្សផងដែរ។
នៅក្នុងបរិយាកាសដ៏មានអត្ថន័យ កម្មវិធីអប់រំសីលធម៌នេះបានសង្កត់ធ្ងន់ទៅលើការបណ្ដុះស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើ “ក្ដីស្រឡាញ់បែបការដឹងគុណ” ជាជាងការផ្ដោតលើស្នេហាយុវវ័យក្នុងន័យអវិជ្ជមាននាថ្ងៃទី ១៤ ខែកុម្ភៈ។ តាមរយៈការសម្តែងធម៌អប់រំកម្មវិធីបានបង្ហាញថា ក្ដីស្រឡាញ់ដែលបរិសុទ្ធបំផុត គឺក្ដីស្រឡាញ់ចំពោះមាតាបិតា គ្រួសារ និងការរក្សាតម្លៃស្ត្រីខ្មែរ។
(រូបភាពវាគ្មិនពន្យល់អំពីបញ្ហាសង្គម) ក្រៅពីការអប់រំផ្នែកផ្លូវចិត្ត កម្មវិធីក៏បានលើកយកបញ្ហាប្រឈមក្នុងសង្គមមកបង្ហាញផងដែររួមមាន៖ ការយល់ដឹងពីតម្លៃស្ត្រី និងគ្រួសារ សំដៅលើការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរតាមគន្លងប្រពៃណីខ្មែរ សុវត្ថិភាពកុមារ បណ្ដុះស្មារតីការពារ និងបង្ការកុមារពីការរំលោភបំពានផ្សេងៗ។
ការប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស៖ គឺជាការដាស់តឿនដល់យុវវ័យឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ មិនធ្លាក់ក្នុងឧបាយកលនៃការជួញដូរគ្រប់ទម្រង់ និងត្រូវដើរឱ្យឆ្ងាយពីគ្រឿងញៀនដែលជាប្រភពនៃវិនាសសកម្មក្នុងគ្រួសារ។
“យើងចង់ឱ្យក្មួយៗយល់ថា ថ្ងៃ១៤ កុម្ភៈ មិនមែនជាថ្ងៃដែលត្រូវប្រព្រឹត្តខុសឆ្គងនោះទេប៉ុន្តែជាថ្ងៃដែលយើងត្រូវបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកមានគុណ និងជាថ្ងៃដែលយើងត្រូវពង្រឹងសីលធម៌ខ្លួនឯងឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។”
តាមរយៈកម្មវិធីនេះ សារដែលចង់បញ្ជូនទៅកាន់យុវជនគឺ «ស្រឡាញ់ឱ្យមានការយល់ដឹង» និងការរួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យបានគង់វង្សនេះគឺជាគំរូដ៏ល្អមួយក្នុងការចូលរួមចំណែកកាត់បន្ថយបញ្ហាសង្គមតាមរយៈការប្រើប្រាស់ធម៌អប់រំ និងការអប់រំផ្លូវលោកបញ្ជ្រាបចូលគ្នា៕










