(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែដ៏វែង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សមិទ្ធផលថ្មីនេះគឺជាផ្លែផ្កាចេញពីការគ្រប់គ្រងធនធានរ៉ែប្រកបដោយចីរភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ។
នៅក្នុងឱកាសនោះ ឯកឧត្ដម កែវ រតនៈ បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះពាមរាំង ឃុំកោះចេក ចំពោះសមិទ្ធផលផ្លូវចាក់បេតុងប្រវែងជាង ៥គីឡូម៉ែត្រដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះហើយឯកឧត្ដមរដ្ឋមន្ត្រី និងជួយស្ថាបនាផ្លូវបេតុងដែលនៅសល់ក្នុងគម្រោងប្រវែងជាង១៨០០ម៉ែត្របន្ថែមទៀតទុកជាចំណងដៃជូនពលរដ្ឋនៅក្នុងភូមិកោះពាមរាំងដើម្បីធ្វើដំណើរកាន់តែងាយស្រួល។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ចំពោះវិស័យអគ្គិសនីនៅមុនឆ្នាំ១៩៩៨ប្រទេសកម្ពុជាយើងគឺមានភ្លើងប្រើប្រាស់មិនដល់១០ភាគរយទេតែឥឡូវនេះដោយសារកត្តាសុខសន្តិភាពដែលបានចាក់ឫសក្រោយឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោបានធ្វើឱ្យអគ្គិសនីកម្ពុជាបានបង្រីកបណ្ដាញតភ្ជាប់បានគ្រប់តំបន់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ខេត្តព្រៃវែង និងខេត្តកណ្ដាលមានធនធានរ៉ែសំខាន់ចំនួនពីរគឺខ្សាច់ និងថ្មហើយការបូមខ្សាច់មានសារប្រយោជន៍សំខាន់ចំនួន៣ ដោយទី១.ធ្វើឱ្យទន្លេមានទឹកជ្រៅអាចឱ្យការដឹកទំនិញតាមផ្លូវទឹកកាន់តែងាយស្រួល ទី២.កាត់បន្ថយការបាក់ច្រាំងទន្លេក្នុងករណីបូមខ្សាច់ត្រឹមត្រូវតាមបច្ចេកទេស ទី៣. ថវិកាបានមកពីអាជីវកម្មបូមខ្សាច់ដាក់ចូលថវិកាជាតិ ដើម្បីឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត។
បន្ថែមលើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងឱ្យក្រុមការងារចុះសិក្សាដើម្បីភ្ជាប់បណ្ដាញអគ្គិសនីមកកាន់ភូមិកោះពាមរាំងនៅពេលខាងមុខនេះដើម្បីឱ្យប្រជាពលរដ្ឋបានភ្លើងប្រើប្រាស់គ្រប់គ្រាន់ផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះពាមរាំង គាត់បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដោយទទួលបានផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើរដោយពីមុនមកគាត់មិនដែលនឹកគិតស្រមៃថានឹងមានផ្លូវបេតុងក្នុងការធ្វើដំណើរនោះទេព្រោះថាតំបន់នេះគឺជាដីកោះ មិននឹកស្មានថានឹងមានការអភិវឌ្ឍន៍ដូច្នេះទេហើយបានថ្នាក់ដឹកនាំស្ថាបនាផ្លូវបេតុងល្អ ស្អាតដូច្នេះ គាត់សប្បាយរីករាយយ៉ាងក្រៃលែង។










