ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង បានជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាត 

(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ត្រពាំងក្រសាំងដែលមានឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៧៨គ្រួសារ។ នៅក្នុងឱកាសនោះក៏មានការចូលរួមពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង និងសប្បុរសជនជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងនូវវីរភាពរបស់វីរកងទ័ពរបស់កម្ពុជាដែលបានលះគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានពីប្រទេសជិតខាង។

ឯកឧត្ដមមានប្រសាសន៍បន្តថា សម្រាប់កម្លាំងជួរក្រោយ នៅតែបន្តគាំទ្រវីរកងទ័ពជួរមុខហើយការចុះជួបសំណេះសំណាលនាពេលនេះក៏ដើម្បីពាំនាំនូវការនឹករលឹកពីសំណាក់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យចំពោះបងប្អូនគ្រួសារវីរកងទ័ពដែលនៅក្នុងសង្កាត់ត្រពាំងក្រសាំងក៏ដូចជានឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដែលជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជាឯកឧត្ដមរដ្ឋមន្ត្រី។

បន្ទាប់ពីជួបសំណេះសំណាលរួច ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងបាននាំយកអំណោយរបស់សប្បុរសជនចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារមានជីវភាពខ្វះខាតផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *