មន្រ្តីជាន់ខ្ពស់ ក្រសួងអភិវឌ្ឍជនបទបង្ហាញពីគោលជំហរគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៥-២០៣៥ ដើម្បីលើកកម្ពស់គុណភាពជីវិតនៅជនបទឱ្យកាន់តែប្រសើរឡើង 

(ព្រៃវែង)៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតដើម្បីជ្រួតជ្រាប និងត្រៀមលក្ខណៈអនុវត្តផែនការយុទ្ធសាស្ត្រថ្មីនេះឱ្យមានប្រសិទ្ធភាពដែលពិធីនេះមានអ្នកចូលរួមចំនួន ៣៤៨នាក់ ស្រី៩៨នាក់។

លោក សាយ សុជាតិ អភិបាលរងខេត្តព្រៃវែងមានប្រសាសន៍គាំទ្រយ៉ាងសកម្មចំពោះគោលនយោបាយជាតិនេះសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ខេត្តព្រៃវែងជាពិសេសមន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបានជាតិ និងអន្តរជាតិត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយជាតិនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែងដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាជននៅទូទាំងខេត្ត តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សហគមន៍ជនបទ ការពង្រឹងស្ថាប័ន និងការអនុវត្តកម្មវិធីកំណែទម្រង់ឱ្យស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាបនរដ្ឋ រដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍។

ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា កាលពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទមួយដែលមានសង្គតិភាពជាមួយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីចង្អុលបង្ហាញទិស និងកៀរគរកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការងារអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យចំគោលដៅ និងឆ្លើយតបនឹងតម្រូវការអាទិភាពរបស់ប្រជាជននៅក្នុងតំបន់ជនបទ។

ឯកឧត្ដម រដ្ឋលេខាធិការមានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រីបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីធ្វើការសិក្សាលើឯកសារគតិយុត្តពាក់ព័ន្ធនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទក៏ដូចជារបស់រាជរដ្ឋាភិបាលរួមទាំងសេចក្តីព្រាងគោល នយោបាយជាតិស្តីពីការអភិវឌ្ឍជនបទដែលបានរៀបចំកាលពីនីតិកាលទី៦ កន្លងមក។

ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមថា ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចក៏បានសិក្សាស្វែងយល់បន្ថែមអំពី ទស្សនាទានអភិវឌ្ឍន៍ជនបទ គោលការណ៍អភិវឌ្ឍន៍ជនបទ និងនិន្នាការអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតព្រមទាំងបានស្រាវជ្រាវ ប្រមូល និងវិភាគទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជានៅក្នុងនីតិកាលកន្លងមកតាមរយៈឯកសារក្រសួងផែនការ ឯកសារគោលនយោបាយជាតិនានា និងឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជាដើម្បីពិនិត្យលើសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិកាលកន្លងមក បញ្ហាកើតមាននៅតាមតំបន់ជនបទ ការប្រឈមនានាពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ជនបទ និងកាលានុវត្តភាពសម្រាប់ ការអភិវឌ្ឍជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការបន្តថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ មានខ្លឹមសារលម្អិតគ្រប់ជ្រុងជ្រោយដោយបានកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងផែនការសកម្មភាពដោយផ្អែកទៅលើគោលការណ៍ បទពិសោធ និងការវិភាគស្ថានភាពជនបទដែលបានបង្ហាញយ៉ាងជាក់លាក់នូវទិន្នន័យ បញ្ហាការប្រឈម កាលានុវត្តភាពនៃតំបន់ជនបទកម្ពុជា។

គោលនយោបាយជាតិនេះគឺជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន និងចីរភាពដល់គ្រប់ក្រសួងនិងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដោយខិតខំកៀរគរធនធាន ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលសហគមន៍ជនបទមូលដ្ឋាន និងសប្បុរសជន នានាស្របតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលរួមគ្នាកសាងនូវ «សហថាមពល» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»៕

 

Leave a Reply

Your email address will not be published. Required fields are marked *