ក្រោមការដឹកនាំផ្ទាល់ពីសំណាក់អាជ្ញាធរខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងអគារកាស៊ីណូមួយកន្លែង យីហោ “ស៊ិនលិ” កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចអគារកាស៊ីណូ ស៊ិនលិ ដែលស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។ ក្នុងនោះក៏មានការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។
យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុ ក្រុមការងារចម្រុះបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារខាងលើដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-រកឃើញមនុស្សសរុប ៨០៥នាក់ ដែលមានចម្រុះជាតិសាសន៍រហូតដល់ ៧សញ្ជាតិរួមមាន៖ ចិន, កូរ៉េ, ជប៉ុន, អាមេរិក, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា និងខ្មែរ។
-ដកហូតសម្ភារៈបច្ចេកទេសមួយចំនួនធំរួមមាន កុំព្យូទ័រ ៦៥០គ្រឿង និងទូរស័ព្ទដៃ ១,០០០គ្រឿង។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះរដ្ឋបាលនេះគឺជាការអនុវត្តតាមស្មារតីនៃអង្គប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រួតពិនិត្យភាពស្របច្បាប់នៃការស្នាក់នៅ និងបម្រើការងាររបស់ជនបរទេសនៅក្នុងខេត្ត។
បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើឯកសារពាក់ព័ន្ធផ្សេងៗទៀតដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕










