រដ្ឋបាលខេត្តព្រៃវែងបន្តជំរុញចលនាទីក្រុងស្អាត លើកកម្ពស់បរិស្ថានបៃតងដើម្បីធានាសុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព

 

(ព្រៃវែង)៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រៃវែងបានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត»  ក្រោមអធិបតីភាព លោកស្រី សេង ទៀង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ កងកម្លាំងទាំងបីព្រមទាំងប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង។

លោកស្រី សេង ទៀង អភិបាលរងខេត្តមានប្រសាសន៍លើកឡើងថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែងអំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ហើយការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នាដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “។

លោកស្រីអភិបាលរងខេត្តបន្ថែមថា សំរាម និងសំណល់ប្លាស្ទិកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកសំណល់សំរាម និងថង់ប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភណ្ឌភាពទីក្រុងប៉ុណ្ណោះទេតែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រីអភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យឈប់បោះសំរាមចោលតាមដងផ្លូវហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នាដើម្បីខេត្តព្រៃវែងមានសោភណ្ឌភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ។

បរិស្ថានស្អាតមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែកើតឡើងពីរទម្លាប់ល្អ និងការចូលរួមរបស់មនុស្សគ្រប់រូប ការបោះសំរាមត្រឹមត្រូវនិងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាជំហានតូចៗ ប៉ុន្តែមានអត្ថន័យធំសម្រាប់សុខភាព និងអនាគតកូនចៅយើងទាំងអស់គ្នា៕

 

Leave a Reply

Your email address will not be published. Required fields are marked *