ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខប្រកាសជាផ្លូវការពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ។

ក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតីអាមេរិកបាននិយាយថា នៅមុននេះបន្តិច យោធាអាមេរិកបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំនៅប្រទេសអ៊ីរ៉ង់ក្នុងគោលដៅការពារប្រជាជាតិអាមេរិកតាមរយៈការកម្ចាត់ការគំរាមកំហែងចំពោះមុខពីសំណាក់របបដឹកនាំអ៊ីរ៉ង់។

លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាចខាត។ យើងបានព្យាយាមម្តងហើយម្តងទៀតដើម្បីស្វែងកិច្ចព្រមព្រៀង  អ៊ីរ៉ង់បានប៉ុនប៉ងកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញក្រោយវាត្រូវបានកម្ទេចកាលពីឆ្នាំមុន។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយដែលគំរាមកំហែងសហរដ្ឋអាមេរិកដូច្នេះហើយយើងនឹងកម្ទេច​មីស៊ីលរបស់ពួកគេហើយបំផ្លាញឧស្សាហកម្មមីស៊ីលរបស់ពួកគេឱ្យក្លាយទៅជាផេះ។ យើងនឹងធានាឱ្យបានថា អ៊ីរ៉ង់គ្មានថ្ងៃកាន់កាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត»។

គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ អាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមចរចាបញ្ហានុយក្លេអ៊ែរជាមួយទីក្រុងតេហរ៉ង់ប៉ុន្តែនៅតែមិនទាន់អាចស្វែងរកកិច្ចព្រមព្រៀងបាន។ ជាច្រើនសប្តាហ៍មកនេះ លោក ត្រាំ បានដាក់ពង្រាយកងកម្លាំងយោធាយ៉ាងធំសម្បើមទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងនោះរួមមាននាវាផ្ទុកយន្តហោះចម្បាំង ២គ្រឿងហើយលោកបានគំរាមម្តងហើយម្តងទៀតថា នឹងវាយប្រហារលើអ៊ីរ៉ង់ប្រសិនបើមិនអាចស្វែងរកដំណោះស្រាយតាមរយៈ​ការទូត។ កាលពីពាក់កណ្តាលឆ្នាំមុន អាមេរិកធ្លាប់បានចូលរួមសង្រ្គាមផ្លូវអាកាសរបស់អ៊ីស្រាអែលវាយប្រហារលើទីតាំងនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់៕

 

Leave a Reply

Your email address will not be published. Required fields are marked *