សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបាភ្នំ 

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបាភ្នំដែលប្រព្រឹត្តិទៅនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍ថា ការថែទាំ និងពិនិត្យព្យាបាលសុខភាពគឺពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះដែលជាឱកាសមួយសម្រាប់លោកតា លោកយាយ អ៊ុំ ពូ មីង បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងៗអំពីការថែទាំសុខភាពចាប់ពីពេលនេះទៅមុខទៀតដោយរបៀបណា។

ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជាបានតម្កល់ឆន្ទៈខ្ពស់លើវិស័យចំនួន២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃនោះគឺ ទី១ វិស័យអប់រំ និងទី២ វិស័យសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គោលនយោបាយនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធី ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឱ្យដឹងថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋនៅស្រុកបាភ្នំនេះ រៀបចំដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវ ជំងឺស្លេកស្លាំង ជំងឺរលាកថ្លើម ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស …។ល។

កម្មវិធីនេះបានបង្ហាញពីស្មារតីមនុស្សធម៌ និងការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងការជួយលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសនៅតំបន់ជនបទ៕

 

Leave a Reply

Your email address will not be published. Required fields are marked *