អំពូលភ្លើងសូឡា ៣៣០ដើម បង្កសុវត្ថិភាព និងលើកសោភណ្ឌភាពសាធារណៈក្នុងស្រុកស្វាយអន្ទរ

(ព្រៃវែង)៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ ស្រុកស្វាយអន្ទរបានអនុវត្តគម្រោងតម្លើងអំពូលសូឡា ចំនួន ៣៣០ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុកដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភណ្ឌភាពក្នុងមូលដ្ឋានសាធារណៈ។

ការដំឡើងអំពូលសូឡានេះប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ “ភូមិ-ឃុំ មានសុវត្ថិភាព” ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។

ការតម្លើងអំពូលសូឡានេះគឺដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរមានសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំងនៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការតម្លើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់ ការពារសកម្មភាពមិនប្រក្រតីហើយពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។

ការធ្វើដំណើរពេលយប់កាន់តែងាយស្រួលជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរចេញពីសាលាពេលយប់ និងប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅទីជិតឆ្ងាយពេលយប់ អាចធ្វើដំណើរបានដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះក៏បានលើកសោភណ្ឌភាពនៃភូមិ និងឃុំ អំពូលសូឡាបានធ្វើឱ្យផ្លូវ និងតំបន់សាធារណៈមានទម្រង់ស្អាត និងភាពទាក់ទាញក៏ដូចជាជួយធ្វើឱ្យមានភាពទំនាក់ទំនងសង្គមនៅក្នុងសហគមន៍បានល្អ។

បើនិយាយពីអត្ថប្រយោជន៍បរិស្ថានវិញ ការប្រើថាមពលព្រះអាទិត្យ អំពូលសូឡាជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងធ្វើឱ្យសម្រស់បរិស្ថានក្នុងពេលរាត្រីកាន់តែស្រស់ស្អាត។

ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកដែលពីមុនផ្លូវខ្លះមានភាពងងឹតខ្លាំង បង្កការភ័យខ្លាច និងអាចមានហានិភ័យក្នុងការធ្វើដំណើរឥឡូវនេះពន្លឺសូឡាបានផ្តល់សុវត្ថិភាព និងភាពកក់ក្តៅដែលធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានភាពសុខសាន្តក្នុងការធ្វើដំណើរ និងរស់នៅក្នុងមូលដ្ឋាន។

គម្រោងដាក់អំពូលសូឡានេះ គឺជាគំរូនៃការអភិវឌ្ឍសាធារណៈដែលប្រកបដោយប្រសិទ្ធភាព និងមានចំណូលចិត្តពីសហគមន៍។ រដ្ឋបាលស្រុកស្វាយអន្ទរ គ្រោងនឹងពង្រីកគម្រោងទៅតំបន់ផ្សេងៗ និងភូមិផ្សេងៗ ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានបរិស្ថានដែលស្អាត និងទាក់ទាញ ទៅថ្ងៃអនាគត៕

 

Leave a Reply

Your email address will not be published. Required fields are marked *