(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដាន និងក្តាប់ឱ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួនទាំងផ្ទះសំណាក់ សណ្ឋាគារក៏ដូចជាផ្ទះជួលដែលមានការប្រមូលផ្តុំ ជួបជុំគ្នាច្រើន ឬទីកន្លែងដែលសង្ស័យនានាដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យអស់នៅក្នុងទឹកដីនៃខេត្តព្រៃវែង ដើម្បីធានាដល់ការរស់នៅសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវពន្លឿននៃការចុះធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ដែលការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែងដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយរស់នៅដោយភាពកក់ក្តៅ។
ក្នុងកិច្ចប្រជុំនោះដែរបានធ្វើបទអន្តរាគមន៍ទៅលើ៖
១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ជាពិសេសការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងខេត្តព្រៃវែង
២- សេចក្តីរាយការណ៍ ស្តីពីការជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ២០២៧-២០២៨
៣- មតិចូលរួមរបស់សមាជិក-សមាជិកា នៃអង្គប្រជុំ
៤- បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក-លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក-លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ ប្រធានគយចល័តផ្លូវជាតិលេខ ១ និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាល ក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ៣៨១ រូបផងដែរ៕










