លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៥-២០២៦

(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិ ស័យកីឡាគ្រប់ប្រភេទដែលធ្វើវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងព្រមទាំងបានទទួលជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិហើយសមិទ្ធផលទាំងអស់នេះគឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមិនអាចកាត់ថ្លៃបាន។

លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជនដែលបានចូលរួម និងឧបត្ថម្ភគាំទ្រក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើងឱ្យមានការរីកចម្រើនជាពិសេសបានផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញនូវសមត្ថភាពដែលបង្កើននូវបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិក្នុងនោះផងដែរក៏សូមជំរុញដល់មន្ទីរអប់រំត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា “ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) ត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡាស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡាដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករ ទាំងអស់ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកព្រោះថា ការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាពនឹងក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រកួតមានរយៈ ពេល ១០ ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦) ដោយមានសាលាចូលរួមប្រកួតចំនួន ២៧សាលា កីឡាករសរុប ៩១២ នាក់, កីឡាការី ៤៤៦ នាក់ក្នុងនោះមាន៖ សាលាបឋមសិក្សាចូលរួមប្រកួតចំនួន ១៧សាលា  កីឡាករសរុប ៤៨០នាក់ ស្រី១៩៤ នាក់ និងសាលាមធ្យមសិក្សាចូលរួមប្រកួតចំនួន ១០សាលា   កីឡាករសរុប ៤៣២នាក់ ស្រី២៥២នាក់ហើយក្រោយពីបញ្ចប់ការប្រកួតលទ្ធផលគឺ ១.វិញ្ញាសាបាល់បោះនារីផ្នែកមធ្យមសិក្សា ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ចំណាត់ថ្នាក់លេខ២ វិទ្យាល័យហ៊ុន សែន សាលាក្រៅ និងចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ បយ៉ាខា។ វិញ្ញាសាបាល់បោះផ្នែកយុវជនចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ពន្លឺប៉ៃលិន។ ២. វិញ្ញាសាបាល់ទះ ផ្នែកនារីមធ្យមសិក្សាចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ សន្តិភាព។ ៣. ផ្នែកមធ្យមសិក្សា ចំពោះផ្នែកនារីលើវិញ្ញាសារបាល់ទាត់ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ អនុវិទ្យាល័យ ភ្នំកុយ, ចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ ភ្នំយ៉ាត។ ចំពោះផ្នែកវិញ្ញាសាបាល់ទាត់ផ្នែកយុវជនចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ៕

 

Leave a Reply

Your email address will not be published. Required fields are marked *