(ខេត្តប៉ៃលិន)៖ ក្រោយពីសង្កេតឃើញប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនានាជាពិសេសគណនេយ្យហ្វេសប៊ុកឈ្មោះ កាមទេព លីមហុង ពាក់ព័ន្ធនឹងរឿងថៃឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិននោះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តប៉ៃលិនបានចេញសេចក្តីប្រកាសបដិសេធ និងច្រានចោលទាំងស្រុងដោយចាត់ទុកការចោទប្រកាន់នេះមិនមានមូលដ្ឋានច្បាស់លាស់ជាព័ត៌មានបំភ្លៃខុសពីការពិតធ្វើឱ្យមហាជនមានការយល់ច្រឡំ។
រដ្ឋបាលខេត្តប៉ៃលិនក៏បានបញ្ជាក់ផងដែរថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាននៃការពិតឡើយ។ ដូច្នេះរដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប ជាព័ត៌មាន៕



