លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានដឹកនាំសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ផ្តោតទៅលើជនបរទេស

(ខេត្តប៉ៃលិន)៖ នារាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំ និងចាត់ឱ្យសមត្ថកិច្ចចម្រុះបន្តដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ដើម្បីត្រួតពិនិត្យគ្រប់គ្រង និងទប់ស្កាត់លើជនបរទេសខុសច្បាប់ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានាជាពិសេស គឺទប់ស្កាត់ ការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងគោលបំណងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសទាំងនេះរហូតអស់ពីខេត្តប៉ៃលិន និងប្រទេសកម្ពុជាផងដែរ។

ការបន្តធ្វើយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា និងបទល្មើសបច្ចេកវិទ្យា(Online Scam) របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនគឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្តដោយខុសច្បាប់ដើម្បីទប់ស្កាត់បទល្មើសនានាជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឹងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើករណីឆបោកតាមប្រព័ន្ធអនឡាញដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ដោយបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

 

Leave a Reply

Your email address will not be published. Required fields are marked *