(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រកាស និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្តក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យបានរលូន និងបង្កភាពសប្បាយរីករាយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន និងសាធារណជនមេត្តាជ្រាបនូវកម្មវិធីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរដូចខាងក្រោម៖
១. ពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៧៩អង្គ មុខបរិវេណសាលាខេត្ត នៅវេលាម៉ោង ៧.៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (រំលឹកដល់វិញ្ញាណនក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ)
២. ពិធីបួងសួងសុំសេចក្តីសុខ មុខអាស្រមលោកយាយយ៉ាត វេលាម៉ោង ៧.៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
លោកជំទាវបានបន្តទៀតថា សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនចូលរួមឱ្យបានច្រើនកុះករដើម្បីញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយ បរិយាកាសអធិកអធម រំលឹកគុណដល់វីរៈកងទ័ពរបស់យើង ។
«ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមទំនៀមទម្លាប់ចូលឆ្នាំប្រពៃណីខ្មែរ លោកជំទាវបានបញ្ជាក់ថា សូមពុកម៉ែបងប្អូនជាពិសេសយុវជន យុវនារី សូមចូលរួមលេងល្បែងប្រជាប្រិយខ្មែរនៅតាមវត្តអារាមនានាមានដូចជា វត្តរតនសោភ័ណ ហៅវត្តកោងកាង ចាប់ផ្តើមពីម៉ោង ១៤.០០នាទីរសៀលចូលរួម លេងល្បែងប្រជាប្រិយខ្មែរមានដូចជា ចោលឈូង, បោះអង្គុញ, លាក់កន្សែង, លោតបាវ និងស្វាដណ្តើមស្លឹកឈើ ការរាំកំសាន្ត បទប្រពៃណីខ្មែរយើង។
«ថ្ងៃវិរៈវ័នបត» ថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ពេលរសៀល៖ លេងល្បែងប្រជាប្រិយខ្មែរ «នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង» ចាប់ផ្តើមពីម៉ោង ១៤.០០នាទីរសៀល សូមអញ្ចើញចូលរួម «ល្បែងប្រជាប្រិយ៍ជាច្រើនទៀតជាប្រពៃណីខ្មែរយើង ។
«ថ្ងៃវារៈឡើងស័ក» ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅម៉ោង ១៤.០០នាទីរសៀល ពិធីស្រង់ព្រះពុធបដិមាករ «នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង (ថ្វាយគ្រៀងសក្ការៈបូជា, នមសក្កា សមាទានសិល, ដង្ហែព្រះពុទ្ធបដិមាករ, ព្រះសង្ឃស្រង់ព្រះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋស្រង់ព្រះ, ពិធីផ្សឹកភ្នំខ្សាច់ ទាញព្រាត់ )
នាងខ្ញុំសូមគោរពអញ្ចើញចូលរួមជួបជុំលេងល្បែងប្រជាប្រិយ៍ និងប្រារព្ធពិធីតាមសាសនាចូលឆ្នាំប្រពៃណីខ្មែរ ពេលយប់យើងនាំគ្នារាំកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរយើងតាមកម្មវិធីខាងលើទាំងអស់គ្នាដើម្បីរួមគ្នាលើកស្ទួយ បង្ហាញអំពីវប្បធម៍ប្រពៃណីខ្មែរយើង។
លោកជំទាវក៏បានទទូចណែនាំថា សូមពុកម៉ែបងប្អូនជាពិសេសស្រទាប់យុវជន យុវនារី ហាមកុំលេងល្បែង ប្រាសចាកពីប្រពៃណីខ្មែរយើងដូចជា បាញ់ទឹក គប់ទឹក លាបម្សៅ តាមដងផ្លូវ និង ហាម អុជកាំជ្រូច អុជផាវ ឬ បង្ហោះគោមជាដាច់ខាត។
ដោយសេចក្តីគោរពអំពីនាងខ្ញុំ! សូមអរគុណ៕











