(កំពង់ស្ពឺ)៖ ឯកឧត្ដមបណ្ឌិត សាម អីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណេីរដោយ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការ “ពន្លកបៃតង” នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណវត្តអង្គក្ដី ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យុទ្ធនាការ “ពន្លកបៃតង” នាព្រឹកនេះ ជាកិច្ចសហការរៀបចំដោយ វត្ដអង្គក្ដី និងអង្គការចីរភាពបរិស្ថានកម្ពុជា រួមទាំងសាលាបឋមសិក្សាអង្គក្ដីដេីម្បីចូលរួមអភិវឌ្ឍពន្លកបៃតងនៅកម្ពុជាដោយបានដាំកូនឈេីជុំវិញបរិវេណវត្ត និងសាលារៀនប្រមាណជា ៣០០០ដេីម។
ក្នុងឱកាសអញ្ជើញជាអធិបតី យុទ្ធនាការ “ពន្លកបៃតង” ឯកឧត្ដមបណ្ឌិត សាម អីន រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្ដមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថានជូនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការពន្លកបៃតងនេះផងដែរ។
ឯកឧត្ដមបណ្ឌិតបានបន្ដលេីកឡេីងទៀតថា ការចូលរួមលេីយុទ្ធនាការ ពន្លកបៃតងគឺភារកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូបដេីម្បីថែរក្សាការពារបរិស្ថាន និងរក្សានូវអព្យាក្រឹត្យកាបូននៅកម្ពុជាជាពិសេសដេីម្បីទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុទាំងកម្ពុជា និងជាសកល។
ឯកឧត្តមបណ្ឌិត សូមលេីកទឹកចិត្តឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូរួមទាំងសមាជិក អង្គការចីរភាពបរិស្ថានកម្ពុជាបន្តយ៉ាងសកម្មលេីការចូលរួមថែរក្សាបរិស្ថាន តាមរយៈយុទ្ធនាការទាំងបួនដែលបានដាក់ចេញដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមមានយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរធ្វើបាន” ផ្លូវជាតិគ្មានសំណល់សំរាមប្លាស្ទិក” និងយុទ្ធនាការ “ពន្លកបៃតង”។









