(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអមដំណើរដោយមន្ត្រីជំនាញក្រោមឱវាទបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅចំណុចជ្រោះសែនសុខប្រកបដោយសោភណ្ឌភាពក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តដែលជាកត្តាជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់បញ្ហាការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមហើយបច្ចប្បន្នរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានារួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើងថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុងប្រកបដោយសោភណ្ឌភាពស្រស់បំព្រងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកលេងកំសាន្តក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើងដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មឱ្យបានជាប្រចាំជាពិសេសអាជីវករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតគឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តប៉ៃលិនកំពុងស្ថាបនាបន្ថែម អគារបណ្ណាល័យ និងរូបបដិមាព្រះពុទ្ធផ្ចាញ់មាដ៏ធំនៅចំណុចជ្រោះសែនសុខស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ សោភណ្ឌភាព និងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕






