(សៀមរាប)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឱកាសការងារ ៨៩៥៣៩កន្លែង និងឱកាសទទួលបានព័ត៌មានស្តីពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់)។
នាឱកាសនោះ ឯកឧត្តម យឹម ស៊ីណន បានលើកទឹកចិត្តឱ្យយុវជនក៏ដូចជាបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរដោយឯកឧត្តមបានជំរុញឱ្យបងប្អូនជឿជាក់លើការងារក្នុងស្រុកដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដែលចូលរួមអំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារមើលថែទាំកូន និងឪពុកម្ដាយជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។
ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋគឺជាអាទិភាពចម្បងមួយដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុតដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕







