(ភ្នំពេញ)៖ កម្ពុជាមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ នៅថ្ងៃបង្ហើយនៃខែមករា ឆ្នាំ២០២៦ ពោលគឺនាព្រឹកមិញនេះតែម្ដង កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះទទួលដឹកនាំអនុវត្តដោយ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ក្នុងន័យដើមថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាការបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះក៏មានក្រសួងមហាផ្ទៃ ជាសេនាធិការស្នូល គ្មានថ្ងៃបន្ធូរដៃឱ្យក្រុមឧក្រិដ្ឋជនមានឱកាសប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scames) ជាដាច់ខាតបើទោះបីជាពេលនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានកំពុងរ៉ាប់រងបន្ទុកដោះស្រាយផលប៉ះពាល់បង្កឡើងដោយអំពើឈ្លានពានពីប្រទេសជិតខាងក៏ដោយ។
លោកបានសង្កត់ធ្ងន់ក្នុងន័យដើមទៀតថា «ខ្ញុំសូមបញ្ជាក់ម្ដងហើយម្ដងទៀត ពិសេសប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាពរស់ជនល្មើសទេតែជាឋាននរករបស់ជនល្មើស»។
គួរកត់សម្គាល់ថា ឈរលើមរតកនៃនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ ខណៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ៕






