(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រះសីហនុ (អ.ន.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារដែលទទួលបានការឧបត្ថម្ភផ្ទះសម្បែងថ្មីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបន្តគាំទ្រសុខុមាលភាពសង្គម។
ក្នុងឱកាសនោះ មានបងប្អូនអតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីចំនួន ៣១គ្រួសារព្រមទាំងគ្រួសារដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចក្នុងឆ្នាំ២០២៤ និងឆ្នាំ២០១៤ ចំនួន ៣៤គ្រួសារបានមកចូលរួមទទួលអំណោយ និងសំណេះសំណាលយ៉ាងកក់ក្តៅ។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគឺជាកាតព្វកិច្ច និងការដឹងគុណចំពោះវីរភាព និងការលះបង់របស់បងប្អូនដែលបានបម្រើជាតិមាតុភូមិក្នុងអតីតកាល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនបន្តថែរក្សាសុខភាព ប្រកបរបររកស៊ី និងរស់នៅក្នុងសាមគ្គីភាពដើម្បីកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។
បន្ទាប់ពីពិធីសំណេះសំណាល និងចែកអំណោយ ឯកឧត្តមប្រធាន អ.ន.ក. ខេត្តក៏បានបន្តចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលំ ស្ពាន និងប្រព័ន្ធលូបង្ហូរទឹក នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីធានាឱ្យការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងសុវត្ថិភាព។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងជាប់ជាប្រចាំរបស់ថ្នាក់ដឹកនាំខេត្តចំពោះសុខុមាលភាព និងសុខសន្តិភាពរបស់អតីតយុទ្ធជន និងគ្រួសារ ដែលជាធនធានមនុស្សមានតម្លៃសម្រាប់សង្គមជាតិ៕






