ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី និងលោកជំទាវ ដង្ហែអង្គបុណ្យផ្កាប្រាក់សាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តពោធិរង្សី (ហៅវត្តត្រពាំងទឹម) 

(​ព្រៃវែង)៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ និងឯកឧត្ដមបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងទឹមស្ថិតនៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ ឫទ្ធី ប្រធានក្រុមការងារចល័តចុះមូលដ្ឋានខេត្តព្រៃវែងមានប្រសាសន៍លើកឡើងថា ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងជាការរួមចំណែកដ៏មានអត្ថន័យក្នុងការរឹតបន្តឹងសាមគ្គីភាព សាសនា និងការអភិវឌ្ឍវត្តអារាមសម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។

ឯកឧត្ដមបណ្ឌិតបន្ថែមទៀតថា ការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះមិនត្រឹមតែជាការបំពេញកុសលតាមបែបសាសនានោះទេប៉ុន្តែក៏ជាការបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍បន្ថែមទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រីក៏ដូចជាការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ និងនាំមកនូវសន្តិភាពជូនដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសុវត្ថិភាព។

ឯកឧត្តមបណ្ឌិតបាននាំយកនូវបច្ច័យចំនួន ៦.៦០០.០០០ មុឺនរៀលដើម្បីវេរប្រគេនដល់ព្រះសង្ឃដើម្បីប្រើប្រាស់ក្នុងគោលដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឱ្យកាន់តែប្រសើរឡើងសម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។ ឯកឧត្តមក៏បានចែកជូនក្រមាទុកជាអនុស្សាវរីយ៍ដល់ពុទ្ធបរិស័ទចូលរួមចំនួន ៣១២នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមាមួយផងដែរ។

ពិធីបុណ្យបានបញ្ចប់ទៅដោយបរិយាកាសរីករាយសាមគ្គីនិងពោរពេញដោយសទ្ធាជ្រះថ្លាដែលបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណី និងជំនឿព្រះពុទ្ធសាសនាដ៏រឹងមាំរបស់ប្រជាពលរដ្ឋខេត្តព្រៃវែង៕

 

Leave a Reply

Your email address will not be published. Required fields are marked *