(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិនមុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគឺកាយរឹទិ្ធជាតិកម្ពុជាបានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជាចំពោះការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំសំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជាឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។
លោកជំទាវបានបញ្ជាក់ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាគឺជាប្រធានកាយរឹទិ្ធជាតិកម្ពុជាគឺក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពយុវជនកាយរឹទ្ធិឱ្យមានសក្ដានុពលពេញលេញផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ព្រមទាំងចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាននិរន្តរភាពជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមយុវជនកាយរឹទ្ធិទាំងអស់ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អសំដៅកសាងជនគំរូក្នុងជួរយុវជនឱ្យបានកាន់តែច្រើនឡើងដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

