ពលរដ្ឋក្រីក្រ និងចាស់ជរា ១០គ្រួសារនៅភូមិតាំងស្នាយ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកពារាំង

(ព្រៃវែង)៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៌ និងការចែករំលែកក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំងបានរៀបចំសកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារក្រីក្រ ចាស់ជរា និងគ្មានទីពឹងចំនួន ១០គ្រួសារ ស្ថិតនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ។

សកម្មភាពនេះត្រូវបានដឹកនាំដោយ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូចៅអធិការវត្តតាំងស្នាយ និងសហការី ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបដែលបានចុះទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដោយផ្ទាល់ដើម្បីសាកសួរសុខទុក្ខ និងលើកទឹកចិត្ត។

មុនពេលប្រគល់អំណោយ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំងបានធ្វើការផ្សព្វផ្សាយអប់រំសុខភាព និងណែនាំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗដូចជា ផ្តាសាយបក្សី គ្រុនឈាម គ្រុនឈិ គ្រុនចាញ់ និងជំងឺកូវីដ-១៩ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ និងចូលរួមសម្អាតបរិស្ថានក្នុងសហគមន៍ដើម្បីរក្សាអនាម័យ និងកាត់បន្ថយហានិភ័យជំងឺឆ្លងមិនតែប៉ុណ្ណោះក៏សុំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ននូវសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញដែលថ្មីៗនេះមានករណីឆបោកតាមអនឡាញគ្រប់រូបភាពជាពិសេសក្រុមការងារអនុសាខាកាកបាទក្រហមស្រុកក៏បានពន្យល់បន្ថែមអំពីការធ្វើចំណាកស្រុក គួរយល់ដឹងមុនពេលធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះ លោក ចេម ប្រា បានពាំនាំនូវការសាកសួរសុខទុក្ខ និងសារផ្តាំផ្ញើពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រៃវែងដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ចស្របតាមបេសកកម្មមនុស្សធម៌ និងពាក្យស្លោក«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»និង«កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

លោកប្រធានអនុសាខាបានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពដោយខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងបន្តការពារខ្លួនពីជំងឺឆ្លងនានា។ ជាមួយគ្នានេះក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកស្របតាមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសាររួមមាន អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត និងថវិកា ៥០,០០០ រៀល។ បន្ថែមពីនេះ ក្រុមកាកបាទក្រហមឃុំរកាក៏បានឧបត្ថម្ភថវិកា ២០,០០០ រៀលទៀតផងដែរ ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការជួយដល់គ្រួសារងាយរងគ្រោះ។

លោក ចេម ប្រា អភិបាលស្រុកបានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគ្រូចៅអធិការវត្ត និងគ្រប់ភាគីដែលបានចូលរួមគាំទ្រសកម្មភាពមនុស្សធម៌នេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តសាមគ្គីភាព រួមគ្នាអភិវឌ្ឍសហគមន៍ និងសម្អាតបរិស្ថានឱ្យបានស្អាតជាប្រចាំជាពិសេសសូមបងប្អូនប្រជាពលរដ្ឋមានការជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរសុខទុក្ខ និងជីវភាពប្រជាពលរដ្ឋជាអាទិភាព។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីតួនាទី និងស្មារតីមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ មិនទុកឱ្យនរណាម្នាក់ចោលឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *