(ខេត្តព្រៃវែង)៖ ការប្រកបរបរកសិកម្មបែបធម្មជាតិកំពុងក្លាយជាជម្រើសមួយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាកសិករនៅតាមជនបទក្នុងការបង្កើនប្រាក់ចំណូល និងថែរក្សាសុខភាពគ្រួសារព្រមទាំងអ្នកទិញយកទៅបរិភោគបន្ត។
ជាក់ស្តែង ប្រជាកសិករម្នាក់រស់នៅភូមិទូលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងបានជោគជ័យក្នុងការដាំបន្លែសុវត្ថិភាពដោយមិនប្រើជីគីមី ឬថ្នាំពុលដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងជាបន្តបន្ទាប់។
លោកស្រី ម៉ូវ ប៉ាក់ បានប្រកបរបរដាំបន្លែបែបធម្មជាតិអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ លើផ្ទៃដីជុំវិញផ្ទះ គាត់បានដាំបន្លែជាច្រើនប្រភេទដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ត្រសក់ ត្រកួន និងបន្លែប្រចាំថ្ងៃផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍។
លោកស្រី ម៉ូវ ប៉ាក់ បានមានប្រសាសន៍ថា៖ «ដំបូងខ្ញុំដាំតិចៗសម្រាប់ហូបក្នុងផ្ទះប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានអង្គការមកបង្រៀនពីបច្ចេកទេសដាំ និងធ្វើជីកំប៉ុស ខ្ញុំក៏ចាប់ផ្តើមពង្រីកការដាំច្រើនឡើងឥឡូវនេះខ្ញុំអាចរកចំណូលបានរៀងរាល់ថ្ងៃហើយមិនបារម្ភពីសុខភាពទៀតទេព្រោះយើងមិនប្រើថ្នាំគីមីសោះ»។
តាមការបញ្ជាក់ បន្លែដែលគាត់ដាំអាចប្រមូលផលបានប្រហែលពី ៥០ ទៅ ៦០គីឡូក្រាមក្នុងមួយថ្ងៃ។ តម្លៃលក់ជាមធ្យមប្រមាណ ២៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈនៅរដូវវស្សា តម្លៃអាចឡើងដល់ ៥០០០ ទៅ ៦០០០ រៀលក្នុងមួយគីឡូក្រាមដែលធ្វើឱ្យគាត់អាចរកចំណូលបានប្រហែល ១០លានរៀលក្នុងមួយឆ្នាំ។ ប្រាក់ចំណូលនេះបានជួយឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធារ និងអាចផ្គត់ផ្គង់ការសិក្សារបស់កូនរហូតដល់មហាវិទ្យាល័យផ្នែកសុខាភិបាល។
លោកស្រីបន្ថែមថា៖ «បន្លែខ្ញុំមានអ្នកមកទិញរាល់ថ្ងៃ ព្រោះគេទុកចិត្តថាសុវត្ថិភាព។ អ្នកខ្លះមកកក់ទុកមុនផង ខ្ញុំសប្បាយចិត្តដែលបានលក់បន្លែស្អាតឱ្យគេហូបហើយយើងខ្លួនឯងក៏មានសុខភាពល្អដែរ»។
ជាមួយគ្នានេះ លោកស្រីក៏បានបង្ហាញពីវិធីផលិតជីកំប៉ុសធម្មជាតិដោយប្រើសំណល់បន្លែ ស្មៅ ស្ទងចេក លាយជាមួយលាមកគោ និងលាមកចង្រឹតរួចទុកឱ្យរលួយរយៈពេលពី ៣ ទៅ ៦ខែមុនយកមកប្រើ។ វាជាវិធីសាស្ត្រងាយស្រួល ចំណាយតិចហើយជួយថែរក្សាដីឱ្យមានជាតិជី និងបន្ថយការបំពុលបរិស្ថាន។
ចំពោះការដាំបន្លែបែបធម្មជាតិ គឺជាគំរូល្អសម្រាប់ប្រជាកសិករផ្សេងៗ ព្រោះអាចបង្កើនទាំងផលចំណូល កាត់បន្ថយការចំណាយ និងការពារសុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។
ជារួម ការដាំបន្លែសុវត្ថិភាពមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយផ្តល់អាហារដែលមានគុណភាព និងគ្មានសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាជំហានសំខាន់ក្នុងការលើកកម្ពស់កសិកម្មបៃតង និងអភិវឌ្ឍជីវភាពប្រជាពលរដ្ឋឱ្យបានប្រកបដោយនិរន្តរភាព៕










